សែន និងអាឡែល នៃជំងឺបាត់ការចងចាំ Alzheimer’s

តារាងសម្តែង Chris Hemsworth ដែលត្រូវបានមនុស្សភាគច្រើនស្គាល់ថាជាតួ Thor ក្នុងរឿង Avengers បានប្រកាសថា ខ្លួនមានសែនដែលធ្វើអោយគាត់ប្រឈមនឹងការកើតជំងឺAlzheimer’s។

តើជំងឺ Alzheimer’s ជាអ្វី?

Alzheimer’s គឺជា ជំងឺម្យ៉ាងដែលប៉ះពាល់ទៅដល់ការចងចាំ ការគិតត្រិះរិះ និងអាកប្បកិរិយា។ ជំងឺនេះវិវត្តបន្តិចម្តងៗ ដោយចាប់ផ្តើមពីអ្នកជំងឺមិនអាចចងចាំរឿងដែលគេទើបតែធ្វើឬឆ្លងកាត់ រហូតដល់ការបាត់បង់ការចងចាំរយៈពេលវែង។ ការបាត់បង់ការចង់ចាំនេះ នាំអោយមានការប៉ះពាល់ជាអវិជ្ជមានចំពោះការរស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺ។

តើសែនអ្វីដែលធ្វើអោយChris Hemsworth ប្រឈមនឹងជំងឺAlzheimer’s?

ដើម្បីងាយស្រួលយល់ អំពីសែននៃជំងឺបាត់ការចងចាំរបស់Chris យើងគួរមានចំណេះដឹងមូលដ្ឋានអំពីADN និងសែន ជាមុនសិន។

ដូចដែលយើងដឹងហើយថា សែនគឺជាអង្កត់មួយរបស់ADNនៅក្នុងកោសិកា ដែលកំណត់សំយោគប្រូតេអុីន។ ប្រូតេអុីនដែលសំយោគបាននេះហើយដែលនាំអោយយើងលក្ខណៈខាងក្រៅផ្សេងៗដូចជាមានសម្បុរស សក់ខ្មៅ កំពស់ខ្ពស់់ឬទាបជាដើម។ លើសពីនេះ ប្រូតេអុីនក៏កំណត់ដំណើរការផ្សេងៗនិងរចនាសម្ព័ន្ធខាងក្នុងដែលយើងមើលមិនឃើញដោយភ្នែកទទេផងដែរ។ ឧទាហរណ៍ សែនមួយប្រភេទនៅក្នុងកោសិកាលំពែងដឹកនាំសំយោគប្រូតេអុីនឈ្មោះអាំងស៊ុយលីនដែលដើរតួជាអរម៉ូនគ្រប់គ្រងជាតិស្ករនៅក្នុងសារពាង្គកាយមនុស្សគ្រប់ៗគ្នា។

នៅក្នុងករណីរបស់Chris Hemsworth ក្រុមវេជ្ជបណ្ឌិតរបស់គាត់បានរកឃើញថាកោសិការបស់គាត់មានផ្ទុកសែនដែលគេកំណត់ឈ្មោះថា APOE-4។ APOE-4 គឺជាអាឡែលមួយនៃសែនកំណត់សំយោគប្រូតេអុីនឈ្មោះលីប៉ូប្រូតេអុីន ដែលដឹកនាំសារធាតុខ្លាញ់នៅក្នុងសារពាង្គកាយ។ សែនដែលសំយោគ លីប៉ូប្រូតេអុីន នេះមានយ៉ាងតិច៣ប្រភេទ ឬ អាឡែល។ អាឡែល២ទៀតរបស់សែនដែលសំយោគលីប៉ូប្រូតេអុីន គឺ​ APOE-2, APOE-3។ អ្នកស្រាវជ្រាវបានរកឃើញថា មនុស្សដែលមានអាឡែល APOE-4 មានហានិភ័យខ្ពស់ជាងមនុស្សដែលមានអាឡែលផ្សេងទៀតក្នុងការកើតជំងឺ Alzheimer’s។ យោងសំដីរបស់លោក Chris Hemsworth ផ្ទាល់ លោកមានផ្ទុកអាឡែល APOE-4 នៅលើក្រូម៉ូសូមទាំង២នៃគូក្រូម៉ូសូមអូម៉ូឡូក។ នេះមានន័យថា លោកទទួលបានសែននេះពីម្តាយផង និងពីឪពុកផង។ ដោយផ្អែកលើលក្ខណៈនៃការសំដែងចេញនៃអាឡែល Chris Hemsworth មានហានិភ័យក្នុងការវិវត្តជាជំងឺAlzheimer’s ខ្ពស់បំផុត ដោយសារក្រូម៉ូសូមអូម៉ូឡូកនីមួយៗរបស់លោកសុទ្ធតែមានសែន APOE-4ដូចគ្នា។ (សូមមើលមេរៀនច្បាប់តំណពូជ ថ្នាក់ទី១១ ឬវីដេអូនេះដើម្បីយល់ពីពាក្យគន្លឹះខ្លះៗ)។

Was this helpful?

2 / 0