ហេតុអ្វីនុយក្លេអូទីតរបស់ADNតែបួនប្រភេទ(A, T, C, G) អាចកំណត់អាសុីតអាមីនេរហូតដល់ទៅ២០ប្រភេទ?

ដើម្បីឆ្លើយសំណួរនេះ យើងប្រហែលជាត្រូវយកសៀវភៅគណិតមកពិគ្រោះ គឺមើលនៅត្រង់មេរៀនចម្លាស់ច្រំដែល (Permutation with repetition) ។

ឧបមាថា យើងមានអក្សរអង់គ្លេស3តួ គឺ A,B,C។ តើយើងអាចតំរៀបអក្សរនេះម្តងពីរតួបានប៉ុន្មានរបៀប? យើងអាចសាកល្បងរៀបហើយរាប់ទៅឃើញថាបាន៩របៀបខុសៗគ្នា ដូចជា AA, AB, AC, BA, BB, BC, CA, CB, CC ។
យើងសង្កេតឃើញថា ចំនួនរបៀបសរុបនេះ គឺបានមកពី ចំនួនតួអក្សរសរុបដែលអាចបំពេញតួទី១(៣) គុណជាមួយ ចំនួនអក្សរសរុបដែលអាចបំពេញតួទី២(៣) គឺ 3x3 = 9​។

យើងដឹងហើយថា នុយក្លេអូទីត៣ (១កូដុង រឺ១ត្រីធាតុ) កំណត់សំយោគអាសុីតអាមីនេមួយ ហើយដែលលំដាប់នៃនុយក្លេអូទីតនីមួយៗមិនពាក់ព័ន្ធគ្នាឡើយ។ បើតាមលក្ខណៈរបស់ចម្លាស់ច្រំដែលនៃ៣នុយក្លេអូទីតក្នុងចំនោមនុយក្លេអូទីត៤ប្រភេទ យើងទទួលបានចំនួននៃចំលាស់នេះគឺ 4x4x4 = 64 របៀបខុសៗគ្នា។ (បើមិនជឿ អាចរាប់ចំនួនចំលាស់នៅក្នុងរូបខាងក្រោមដោយខ្លួនឯង)។

តាមការគណនាខាងលើ យើងឃើញថាកូដុងរបស់ADNមានសក្តានុពលកំណត់អាសុីតអាមីនេបានរហូតដល់៦៤ប្រភេទខុសៗគ្នាឯណោះ។ ប៉ុន្តែដោយសារតែអាសុីតអាមីនេដែលកំណត់ដោយតំណលំដាប់នុយក្លេអូទីតមានតែ២០ប្រភេទ ហេតុនេះមានអាសុីតអាមីនេខ្លះត្រូវបានកំណត់ដោយកូដុងខុសគ្នាលើសពី១។ ការដែលកូដុងច្រើនកំណត់អាសុីតអាមីនេតែមួយនេះមានសារសំខាន់ខ្លាំងណាស់ចំពោះភាវៈរស់ទប់ទល់និងបំរែបំរួលនុយក្លេអូទីត(មុយតាស្យុង) ព្រោះក្នុងករណីខ្លះមុយតាស្យុងនុយក្លេអូទីតណាមួយមិនបានធ្វើអោយប្រែប្រួលអាសុីតអាមីនេឡើយ។

កូដុងនៅលើARNmនិងប្រភេទអាស៊ីតអាមីនេដែលត្រូវគ្នារបស់វា

Was this helpful?

3 / 0